|
|
ពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រ![]() ក្រសួងអប់រំយុវជន និងកីឡា (MoEYS) និងវិទ្យាស្ថានបើកទូលាយ មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោក លោកស្រីចូលរួម ពិធីផ្សព្វផ្សាយសៀវភៅសិក្សាកុំព្យូទ័រភាសាខ្មែរសម្រាប់ការបង្រៀន និងរៀន និងសម្ពោធបន្ទប់ពិសោធន៍ស្រាវជ្រាវការប្រើប្រាស់កុំព្យូទ័រមានតម្លៃទាបក្នុងវិស័យអប់រំ ក្រោមគម្រោងរៀបចំតាមផែនការមេសម្រាប់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ក្នុងវិស័យអប់រំ ដែលនឹងប្រារព្ធឡើងនៅ វិទ្យាស្ថានជាតិអប់រំ វេលាម៉ោង ១៥:០០ ល្ងាច នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា ។
សៀវភៅសិក្សាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ថ្មីនេះ បានបង្កើត និងបោះពុម្ពក្រោមការគាំទ្ររបស់វិទ្យាស្ថានបើកទូលាយ ដែលជាផ្នែកមួយរបស់កម្មវិធីសាលារៀនចំហ ដែលជាសៀវភៅសិក្សាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) យោងសម្រាប់គ្រប់កម្រិតសិក្សា គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងរដ្ឋបាលក្នុងក្រសួងអប់រំ យុវជន និងកីឡា ។ កម្មវិធីសាលារៀនចំហ ស្ថិតក្រោមកិច្ចសហការណ៍ផ្ដួចផ្ដើមរវាងក្រសួងអប់រំយុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ក្នុងការប្រើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជាគម្រោងដំណាក់កាលទី ៣ ដែលនឹងអភិវឌ្ឍ និងប្រតិបត្តិតាម ផែនការមេសម្រាប់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាក្នុងវិស័យអប់រំ ។ ដំណាក់កាលដំបូងរបស់កម្មវិធី គឺផ្សព្វផ្សាយការបង្រៀនកម្មវិធីកុំព្យទ័រភាសាខ្មែរនៅតាមសាលា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ និងគ្រឹះស្ថានបណ្ដុះបណ្ដាលផ្សេងទៀត ។ ដំណាក់កាលទី ២ គឺធ្វើការស្រាវជ្រាវចាំបាច់ និងគម្រោងធ្វើការពង្រាងផែនការមេ ។ ផ្នែកចុងក្រោយ ជាការប្រតិបត្តិផែនការមេ ។
ការចែកចាយសៀវភៅសិក្សាដល់គ្រប់សាលាទាំងអស់ គឺជាចុងបញ្ចប់នៃដំណាក់កាលទី ១ របស់កម្មវិធីសាលារៀនចំហ ។ លោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីវិទ្យាល័យដែលមានកុំព្យូទ័រ (២៥%) ព្រមទាំងគ្រូបណ្ដុះបណ្ដាលអញ្ជើញមកពីមជ្ឈមណ្ឌលគរុកោសល្យទាំងអស់ គឺបានបណ្ដុះបណ្ដាលសម្រាប់បង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែររួចហើយ ។ គ្រឹះស្ថានមួយចំនួនក្នុងចំណោមគ្រឹះស្ថានទាំងនេះ ដែលនៅតែកំពុងប្រើកម្មវិធីកុំព្យូទ័រជាភាសាអង់គ្លេស គឺនឹងប្ដូរមកបង្រៀនកម្មវិធីកុំព្យូទ័រជាភាសាខ្មែរវិញ ។
បន្ទប់ពិសោធន៍ស្រាវជ្រាវការប្រើប្រាស់កុំព្យទ័រមានតម្លៃទាបសម្រាប់វិស័យអប់រំ នឹងសម្លឹងមើលជាសកលលើបញ្ហាចីរភាពរបស់សាលារៀនក្នុងបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍ ។ វានឹងវិភាគអំពីតម្លៃរបស់កម្មវិធី ផ្នែករឹង អគ្គីសនី ការថែទាំ និងការបណ្ដុះបណ្ដាលគ្រូបង្រៀន ។ វានឹងធ្វើការស្រាវជ្រាវដ៏ចាំបាច់ ដែលតម្រូវឲ្យប្រាកដថា បច្ចេកវិទ្យាដែលនឹងត្រូវបានផ្សព្វផ្សាយតាមផែនការមេ គឺគ្រប់គ្រាន់ និងមានស្ថេរភាព ។
ចំពោះការសាកល្បងបច្ចេកវិទ្យាទាំងនេះ បន្ទប់ពិសោធន៍បានដំឡើងបន្ទប់កុំព្យូទ័រដែលប្រើអស់ថាមពលតិចនៅវិទ្យាស្ថានជាតិអប់រំ ហើយត្រូវបានប្រើនៅឆ្នាំសិក្សាថ្មីដើម្បីបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូវិទ្យាល័យថ្មី ដោយធ្វើការវាស់ស្ទង់យ៉ាងយកចិត្តទុកដាក់ក្នុងការគណនាការប្រើប្រាស់ ការសិក្សា និងបញ្ហាស្ថេរភាពផ្សេងទៀត ។
|