ចក្ខុ​វិស័យ

គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​គឺ​កើត​ឡើង​ពី​ក្តី​ស្រម៉ៃ​​របស់ ​យើង​ដែល​ចង់ ​ធ្វើ​​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​​ព័ត៌មាន​វិទ្យា​ក្នុង​រយះ​ពេល​ បី​ឆ្នាំ​ខាង​មុខ​ ។ យើង​ប្រមើល​មើល​ថា​នៅ​ឆ្នាំ​ ២០០៧ ​ប្រជាជន​កម្ពុជា​អាច​រៀន​សូត្រ​ និង ប្រើ​កុំព្យូទ័រ​ជា​ភាសា​​ជាតិ​​របស់​ខ្លួន "ជា​ប្រទេស​មួយ​ដែល​មិន​​ចាំ​បាច់​រៀន​ភាសា​ទី​ពីរ ដើម្បីអាច​ប្រើ​ប្រាស់​កុំព្យូទ័រ" ។ កម្មវិធី​សម្រាប់​បញ្ចូល​ទិន្នន័យ និង កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ នឹង​ត្រូវ​បាន​បង្កើត​ដោយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​តាម​មធ្យោបាយ​ងាយ​ស្រួល មាន​លក្ខណៈ​ជា​ខ្នាត​គំរូ​​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ធ្វើ​ បញ្ជី​ឈ្មោះ និង ធ្វើ​ទិន្នន័យ​ ។

ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​នេះ គឺ​ត្រូវ​តែ​មាន​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នូវ​​កម្មវិធី​មាន​តម្លៃ​ ថោក សមស្រប​ទៅ​នឹង​សេដ្ឋកិច្ច​ បរិយាកាស​ពាណិជ្ជកម្ម និង ប្រជាជន​កម្ពុជា ហើយ​​ត្រូវ​តែ​មានមធ្យោបាយ​​ខ្នាត​គំរូ​មួយ​ក្នុង​ការ​ប្រើប្រាស់​ខ្មែរ ។

យើង​ជឿជាក់​ថា ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​ឌីជីថល ដោយ​មិន​ធ្វើ​ឲ្យ​​បាត់បង់​វប្បធម៌​របស់​ខ្លួន ប្រទេស​មួយ​ត្រូវ​តែ​ប្រើ​កម្មវិធីកុំព្យូទ័រ​​ជា​ភាសាជាតិ​របស់​​ខ្លួន ។ កម្មវិធី​ជា​ភាសា​បរទេស​​​រឹត​តែ​ពង្រីក​​​គម្លាត​រេខូបណីយកម្ម ធ្វើ​ឲ្យ​ការ​ហ្វឹកហ្វឺន​កុំព្យូទ័រ​មូលដ្ឋានមាន​​ការ​ពិបាក និង ថ្លៃ បិទ​ការងារ​ដែល​ប្រើប្រាស់​កុំព្យូទ័រ ដល់​អ្នក​ដែល​មាន​​ធនធាន​សេដ្ឋកិច្ច​តិចតួច ធ្វើ​ឲ្យ​វប្បធម៌​ចុះ​អន់ថយ និង ទប់ស្កាត់​ដំណើរការ​​របស់​រាជរដ្ឋាភិបាល​ដែល​ពឹងផ្អែក​លើ​កុំព្យូទ័រ ពីព្រោះ​មក​ពី​អក្សរ​មូលដ្ឋាន​មិន​អាច​ប្រើ​ក្នុងមូលដ្ឋាន​ទិន្នន័យ ។

ជា​សំណាង​ល្អ ការ​បញ្ចូល​​អក្សរ​ខ្មែរទៅក្នុង​​ខ្នាតគំរូយូនីកូដ បាន​បើកទ្វា​រ​ដល់​ការ​​ចាប់ផ្ដើម​អភិវឌ្ឍ​ភាសា​​ខ្មែរ​ក្នុង​ប្រព័ន្ធ​ ប្រតិបត្តិការ​​ផ្សេងៗ ។

លើស​ពី​​នេះ​ទៀត មាន​កម្មវិធី​​មិន​គិត​ថ្លៃ ងាយស្រួល​ប្រើ គុណភាព​ខ្ពស់ - ហៅ​ថា​កម្មវិធីកូដ​បើក​ចំហ និង ឥត​គិតថ្លៃ- ដែល​អាច​ប្រើ និង កែប្រែ​បាន ។ វា​រួម​បញ្ចូល​អ្វីៗ​ទាំងអស់ ដែល​កុំព្យូទ័រ​ធម្មតា​ត្រូវការ ៖ ផ្ទៃ​តុ កម្មវិធី​ការិយាល័យ (ដំណើរការ​អត្ថបទ សៀវភៅ​បញ្ជី ឧបករណ៍​បង្ហាញ កម្មវិធី​គ្រប់គ្រង​ទិន្នន័យ) ឧបករណ៍​អ៊ិនធឺណិត (អ៊ីម៉ែល កម្មវិធី​រុករក ជជែកកំសាន្ត) កម្មវិធី​ពហុព័ត៌មាន​ដើម្បី​អាច​ប្រើ ចម្រៀង និង ភាពយន្ដ និង ឧបករណ៍​ផ្សេងៗទៀត ។ ប្រទេស​ជា​ច្រើន​កំពុងតែ​លើក​តំកើន ការ​ប្រើប្រាស់​កម្មវិធី​ប្រភេទ​នេះ នៅ​ក្នុង​​​ជួរ​រដ្ឋាភិបាល ពាណិជ្ជកម្ម ​វិស័យ​អប់រំ និង ​មនុស្ស​ទូទៅ ។

ក្នុង​អតីតកាល កុំព្យូទ័រ​ដែល​ប្រើ​នៅ​កម្ពុជា ភាគច្រើន​ប្រើ​ជាភាសា​អង់គ្លេស និង ភាគច្រើន​មិន​មាន អជ្ញាបណ្ណ​ពី​ផលិតផល Microsoft Windows ។ ជា​ការ​ពិត​ណាស់​ កម្ពុជា​នឹង​មាន​ច្បាប់​កម្មសិទ្ធិ​បញ្ញា មាន​ន័យ​ថា អ្នកប្រើ​នឹង​ត្រូវ​តែ​ទិញ​អជ្ញាបណ្ណ សម្រាប់គ្រប់​ច្បាប់​ចម្លង​នៃ​កម្មវិធី​ដែល​លក់​ដោយ​ក្រុមហ៊ុនដូចជា Microsoft ដែល​គាត់​ប្រើ ។ វា​ថ្លៃ​ណាស់​ចំពោះ​ប្រជាជន​កម្ពុជា​ ។

កម្មវិធី​កូដ​បើកចំហ និង យូនីកូដ​ខ្មែរ នឹងកសាង​អនាគត​បច្ចេកវិទ្យា​ល្អ​បំផុត សម្រាប់​កម្ពុជា ហើយ​វា​គឺ​អាច​នឹង​សម្រេច​ទៅ​បាន ។ យើង​ខ្ញុំ​ស្វាគមន៍​អ្នក​ចូលរួម​ក្នុង​ការ​ងារនេះ ដើម្បី​រួម​គ្នា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​នេះ ។

គម្រោង​ផ្តួច​ផ្តើម​កម្មវិធីកុំព្យូទ័រជាភាសា​ខ្មែរ​សម្រប​សម្រួល​ដោយ វិទ្យាស្ថាន​បើក​ទូលាយ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​មួយ ។

រៀបចំ​មាតិកា